អ្នកណាៗ ក៏ចេះចាយដែរលុយ ឱ្យតែមាន ចាយខ្ទេចគ្មានសល់ តែអ្នកដែលចេញធ្វើការ រកស៊ីដោយខ្លួនឯង ទើបដឹងច្បាស់ពីរបៀបនៃការចាយវាយ ។
លុយមិនមែនអាចរកបានមកដោយងាយៗ ដូចកាលដែលយើង លាដៃសុំលុយប៉ាម៉ាក់ សុំបានៗ យ៉ាងច្រើន ត្រូវមាត់ គាត់ស្ដីឱ្យពីរបីម៉ាត់ក៏ស្ងាត់ទៅ ចុងក្រោយក៏នៅតែបានលុយយកមិនចាយ ដោយគ្មានចំណាយ កម្លាំងញើសឈាម ដើម្បីរកនោះឡើយ ។
កាលពីមុន លុយបានមកស្រួលៗ ចុះមានទៅពិបាកអី ដែលគ្រាន់តែចាយ ទិញនូវអ្វីដែលខ្លួនឯងចង់បាន ចំណាយទៅលើអ្វីដែល គ្រាន់តែជារបស់ឥតប្រយោជន៍ យកមកបំពេញនូវតម្រូវការនៃចិត្ត ដែលមិនបានគិតវែងឆ្ងាយនោះ ចាយដូចសេដ្ឋី លុយពេញដៃ ចាយដូចអ្នកមានមហាសាល តែមិនដែលគិតទេថា អ្នកដែលផ្ដល់លុយឱ្យយើងចាយ គាត់ចំណាយ កម្លាំងកាយ ចាយញើសចាយឈាមគាត់កម្រិតណា ទម្រាំតែបានលុយនេះមក តែគាត់ក៏បែរជាយកមកឱ្យយើង ជះលែង តាមរបៀបក្មេង មិនចេះគិតពិចារណាទៅវិញ ។
រហូតដល់ពេល ដែលខ្លួនឯងចាប់ផ្ដើម ចេញរកមកដោយខ្លួនឯង ទើបដឹងថា លុយមិនមែនស្រួលឡើយ ទម្រាំតែបានវាមក អ្នកខ្លះ ត្រូវក្រាបផងលូនផង ធ្វើមុខស្ដើង មុខក្រាស់ ក៏ពេលខ្លះ មិនទាន់ទាំងបាន កាន់លុយផាស់ៗដៃទេ ធ្វើការ រកស៊ីគ្មានពេលទំនេរ គ្មានពេលថែរក្សាសុខភាពខ្លួនឯងទៅទៀត ដល់ពេលអ៊ីចឹងបានដឹង បានយល់ ហើយក៏ចេះគិតលើការចំណាយចាយវាយ ។
មនុស្សម្នាក់ កែប្រែ ធ្លាប់តែចាយវាយខ្ជះខ្ជាយ ក៏បែរជាក្លាយទៅជាមនុស្សម្នាក់ ដែលចេះរិះចេះថាំ របស់ល្មមៗ ឬរបស់ណា ដែលគ្មានបានការ គ្មានប្រយោជន៍ ក៏មិនខ្ចីទៅទិញយកមកបង្ហិនលុយនោះទេ ។
លុយមានឱ្យចាយ តែត្រូវដឹង ពីរបៀបនៃការចាយ មិនមែនចាយឱ្យសប្បាយនោះទេ គឺត្រូវចាយឱ្យមានតម្លៃ ឱ្យសមនឹងការដែលយើងបានមកដោយលំបាក ។
ទិញរបស់ដែលគួរទិញ ចំណាយលើអ្វីដែលគួរចំណាយ ចាយឱ្យដឹងពីពេលវេលា កាលៈទេសៈ ពេលចាយត្រូវចាយ ពេលរិះត្រូវរិះ ពេលថាំ ត្រូវថា ជួនកាល ពេលដែលយើងមិនចំណាយទៅលើអ្វីមួយ ឬឱ្យមនុស្សមិនគួរឱ្យ មិនមែនយើងគម្រិះទេ មិនមែនយើងម៉ៅស្វិតទេ តែយើងមានពេល យើងចេះគិតល្អិតល្អន់ យើងមានហេតុផល យើងយល់ក្នុងការចាយ ។
មានពេលខ្លះ ក៏ព្រមទទួល ក៏មិនប្រកែកទេ បើគេថាយើងនេះគម្រិះ តែធ្វើយ៉ាងណា ក៏មិនចង់ឱ្យខ្លួនឯងពិបាកទៅថ្ងៃមុខ ក៏ព្រោះតែចាយមិនគិត ដ្បិតខ្លាចគេថាឱ្យខ្លួននេះ ម៉ៅស្វិត បើចាយមួយថ្ងៃ ដាច់យ៉ៃមួយខែ សួរថា វាឡូយត្រង់ណា វាអស្ចារ្យត្រង់ណា សួរថា សប្បាយទេ ហំហើយឬ ដែលបានសង្ហា ចាយតែមួយថ្ងៃនោះ ។
0 comments:
Post a Comment