ភាពឯកា គ្មានអ្វីគួរឱ្យខ្លាចនោះទេ
តែវាបានធ្វើឱ្យយើងបានយល់កាន់តែច្បាស់ ពីជីវិតដែលត្រូវរស់នៅ ។ ភាពឯកា
វាបានបង្រៀនឱ្យយើងកាន់តែរឹងមាំជាងមុន ភាពឯកា វាបានបង្រៀនឱ្យយើងកាន់តែ
ស៊ាំនឹងជីវិតច្រើន បើអ្នកចេះវិភាគបែងចែក បើអ្នកជាម្ចាស់នៃភាពឯកា
អ្នកនឹងដឹងថា ភាពឯកា ជាស្ពានដែលចម្លងយើងឱ្យទៅរកសេរីភាព
តែបើអ្នកជាទាសករនៃភាពឯកា
នោះថ្ងៃណាមួយភាពឯកា នឹងបញ្ជាឱ្យអ្នកស្លាប់ដោយគ្មានសល់តម្លៃ សម្រាប់ជីវិតដែលអ្នកខំរស់តាំងពីបាតជើងក្រហមមក
។ មានមនុស្សជាច្រើនដែលតែងតែព្យាយាមជ្រៀតចូលទៅក្នុងជីវិតអ្នកផ្សេង
ព្យាយាមអូសទាញ
មនុស្សដទៃឱ្យមកនៅក្បែរខ្លួន
តែអ្វីៗម្តេចនឹងអាចស្របទៅតាមចិត្តយើងគ្រប់គ្នាបានទៅ បើគេមិននៅក្បែរ
អ្នកក៏គួរតែមើលថែខ្លួនឯង ហើយខំយកពេលដែលទៅយកចិត្តអ្នកដទៃ
ដើម្បីបង្រៀនខ្លួនឯងឱ្យស្គាល់ច្បាស់ និងចេះរស់នៅជាមួយខ្លួនឯងបានហើយ
ជីវិតនេះគ្មាននរណាអាចមកកំដរយើងបានគ្រប់ពេលឡើយ
ដែលក្រៅពីយើងខ្លួនឯងជាអ្នកបង្រៀនខ្លួនឯង ឱ្យចេះបែងចែក
និងរស់នៅបានដោយខ្លួនឯង ។ ជាការពិត ពេលខ្លះ ខ្ញុំគិតថាខ្លួនឯងក៏ល្ងង់ណាស់ដែរ
ដែលមានអ្នកនៅក្បែរហើយ តែខ្ញុំបែរជាព្យាយាមដើរចេញពីពួកគេ
ខ្ញុំតែងតែផ្តាច់ទំនាក់ទំនងជាមួយមនុស្សមួយចំនួន
ក៏ព្រោះតែចង់រស់នៅជាមួយភាពរឹងមាំដោយខ្លួនឯង ។ ក៏ព្រោះតែខ្ញុំស្គាល់ភាពឯកា
ខ្ញុំគឺជាម្ចាស់នៃភាពឯកា ទើបធ្វើឱ្យខ្ញុំកាន់តែចូលចិត្តភាពស្ងប់ស្ងាត់
ខ្ញុំត្រូវការសេរីភាពសម្រាប់ខ្លួនឯងបែបនេះ
ខ្ញុំក៏ចង់បង្រៀនមនុស្សមួយចំនួនឱ្យយល់ពីការបាត់បង់ ឱ្យគេព្រមទទួលយកភាពឯកា
ក្នុងការរស់នៅជាមួយខ្លួនឯង ។
0 comments:
Post a Comment