នៅម្នាក់ឯងក្លាយជាទម្លាប់ ទម្លាប់ឥឡូវក៏ក្លាយទៅជាចំណង់ចំណូលចិត្ត
នៅម្នាក់ឯង វាពិតជាឯកាពិតមែន តែក៏ជារឿងល្អមួយ សម្រាប់យើងខ្លួនឯង ដែលអាចមានពេលវេលា ស្វែងរកសេរីភាពផ្ទាល់ខ្លួន អាចជ្រើសរើសអ្វីក៏បាន តាមចិត្តត្រូវការ អាចមានពេលវេលា សម្រាប់ សម្រេចកិច្ចការ និងក្ដីប្រាថ្នារបស់ខ្លួនឯង អាចផ្ដល់នូវស្នាមញញឹម ក្ដីសង្ឃឹម និងជាពិសេស អ្នក៏អាចដឹង នូវកម្រិតនៃភាពរឹងប៉ឹងមាំមួនរបស់ខ្លួនឯង ហើយអ្នកក៏អាច ធ្វើឱ្យខ្លួនឯងរឹងមាំ ក្លាហានបាន មិនបាច់ ប្រើជីវិត ឱ្យស្ថិតនៅក្រោម ការបង្គាប់បញ្ជា ឬ ត្រូវទៅតាមត្រុកៗពីក្រោយគេ តាមតែគេ គ្មានសិទ្ធិ គ្មានមុខ គ្មានមាត់ គ្មានជីវិតជារបស់ខ្លួនឯង ។
ប្រើជីវិត ដែលនៅម្នាក់ឯង ហើយគិតឱ្យបានវែងឆ្ងាយ មិនមែនធ្វើខ្លួនសប្បាយ ដើម្បីបំភ្លេច ឬគិតថា ចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សគ្មានទុក្ខនោះទេ ។ យកពេលវេលាដែលនៅម្នាក់ឯង ស្វែងរកគោលដៅ ហើយកំណត់ផ្លូវដែលត្រូវដើរ ធ្វើនូវអ្វីដែលល្អ ត្រឹមត្រូវ រស់នៅឱ្យមានប្រយោជន៍ មានតម្លៃ រកអត្ថន័យឱ្យជីវិត កុំខូចចិត្ត កុំគិតថា គ្មានអ្នកណាខ្វល់ គ្មានអ្នកណាយល់ ចុះបើគេមិនយល់ពីយើងហើយ យើងគួរតែយល់ពីខ្លួនឯង ជីវិតយើងខ្លួនយើង មិនមែនជីវិតគេ ខ្លួនគេនោះទេ កុំចាំឱ្យគេមកយល់ពីយើង យើងត្រូវរៀនយល់ ហើយរៀនផ្ដល់ឱ្យខ្លួនឯង ។
បើអ្នកឯកា អ្នកត្រូវតែរស់នៅឱ្យស្របទៅនឹងភាពឯកា ពេលនោះអ្នកនឹងដឹងថា គ្មានអ្នកណាល្អជាងភាពឯការបស់អ្នកទៀតឡើយ ហើយអ្នកនឹងអាចឈ្វេងយល់បានច្រើនពីខ្លួនឯង ។ ការរស់នៅ ឱ្យស្របទៅនឹងអ្វីដែលខ្លួនមាន គឺជាសេចក្ដីសុខដ៏ធំធេង ។ ជីវិតនេះ រស់នៅដើម្បី ប្រឈមមុខ ទទួលយក ស្រលាញ់ ពេញចិត្ត នូវអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនធ្វើ ឱ្យតែនោះជាទង្វើ ល្អ មិនប៉ះពាល់ដល់អ្នកដទៃ គ្មានអ្វីត្រូវខ្វល់ខ្វាយ មិនសប្បាយចិត្តនោះទេ ។
0 comments:
Post a Comment