ប្រមាណប្រហែលជា ១០ថ្ងៃមុន ពេលយប់ ខ្ញុំបានទៅលេងផ្ទះ បងប្អូនដែលនៅក្បែរផ្ទះគ្នាដែរ រហូតដល់ម៉ោង៨ ឬ ៩ ខ្ញុំក៏ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឮសំឡេងខ្លែងស្រាកស្រែក នៅក្រោយផ្ទះ ហើនៅយប់នោះដែរ ខ្ញុំគេងក៏ស្រាប់តែយល់សប្តិថារន្ធត់ក៏ថាបាន គឺខ្ញុំឃើញមនុស្សនៅក្នុងភូមិស្លាប់បន្តគ្នា ដល់ទៅ៤នាក់ ផ្ទះនៅជិតៗគ្នាទៀត ខ្មោចមួយស្លាប់ មិនទាន់ទាំងយកសពទៅទុកផង ក៏ស្រាប់តែមានអ្នកស្លាប់ទៀត ដល់ទៅ៤នាក់ នៅពេលដឹងខ្លួនឡើង ខ្ញុំក៏គិតថា វាអាចគ្រាន់តែជាការយល់សប្ដិតែប៉ុណ្ណោះ ម្ល៉ោះហើយ ក៏មិនសូវជាយលចិត្តទុកដាក់ ។
រំលងបានប្រហែលជា២ថ្ងៃ ក៏ស្រាប់តែមានលោកយាយម្នាក់ នៅឯខាងកើតភូមិបានស្លាប់ ខ្ញុំក៏មិនបានដឹងច្បាស់ដែរ ថាព្រោះតែអ្វី អាចជាជំងឺចាស់ជរាក៏ថាបាន ថ្ងៃបន្ទាប់ ក៏មានអ្នកនៅក្នុងភូមិស្លាប់ម្នាក់ទៀត ទាំងដែលសពលោកយាយមិនទាន់យកទៅទុករៀបរយផង តែខ្ញុំក៏ពុំបានចាប់អារម្មណ៍ ដល់ការយល់សប្ដិនោះដែរ ព្រោះតែគិតថា វាមិនឆុតដល់ថ្នាក់ហ្នឹងទេ ថ្ងៃបន្ទាប់នេះទៀត ក៏ស្រាប់តែមានអ្នកស្លាប់នៅម្ដុំផ្ទះ លោកយាយម្នាក់ដែលបានស្លាប់នោះទៀត ក៏ស្របពេលនឹង សពម្នាក់ដែលមិនទាន់យកទៅបូជា ។ ដល់សាកសពទី៣ ទើបធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកដល់ការយល់សប្ដិ និងសំឡេងខ្លែងស្រាកដែលបានស្រែកនោះ ។
សាកសពទី៣ហើយ រំលងបានមួយថ្ងៃសពអ្នកទី៣មិនទាន់នឹងបានយកទៅទុក ក៏ស្រាប់តែមានសពទី៤ ពិតជាមិនខុសពីការយល់សប្ដិរបស់ខ្ញុំសោះហើយ មនុស្សក្នុងភូមិ ស្លាប់បន្តគ្នា ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនល្អ មិនសប្បាយចិត្ត ព្រោះក្នុងរយៈពេលដែលមានអ្នកស្លាប់ ខ្ញុំក៏ស្រាប់តែគេង តែងតែយល់សប្ដិមិនល្អ ហើយយប់ដែលសពទី៤បានស្លាប់ ខ្ញុំយល់សប្ដិឃើញ យមបាល មកឈរនិយាយជាមួយនឹងខ្ញុំ ខ្ញុំនឹកមិនអស់ចិត្ត ព្រោះតែខ្ញុំបែរជាទៅតមាត់ តវ៉ា សួរយមបាលថា " មុខខ្ញុំអ៊ីចឹងយកទៅដែរ ? " យមបាលថា " មុខម៉េចក៏យកទៅដែរ ឱ្យតែដល់ពេល គេយកទៅហើយ " ។
អារម្មណ៍ពេលនេះ សរសេរអត្ថបទមួយនេះ ឈឺក្បាល ក្រហាយភ្នែកណាស់ នឹកមិនចេញទេ ឬដល់ពេលរបស់ខ្ញុំហើយទេដឹង ។
ខ្ញុំមិនដែលជឿលើការយល់សប្ដិខ្លួនឯងប៉ុន្មានទេ ព្រោះខ្ញុំគិតថា អាចមកពីខ្ញុំគិតច្រើនពេកក៏ថាបាន ទើបយល់សប្ដិបែបនេះ ម្យ៉ាងទៀត កន្លងមក ការយល់សប្ដិខ្ញុំតែងតែផ្ទុយស្រឡះពីការពិត តែលើកនេះ វាឆុតពេក ត្រង់ឃើញអ្នកស្លាប់បន្តបន្ទាប់គ្នា ទើបវាធ្វើឱ្យខ្ញុំ មិនទុកចិត្ត នឹងការយល់សប្ដិរបស់ខ្លួនឯង ។
ប្រសិនបើពេលវេលារបស់ខ្ញុំមកដល់ពិតមែន វាមិនមែនជារឿងចម្លែកឡើយ ព្រោះអាចដល់ពេលហើយ ដែលខ្ញុំចាកចេញពីទីនេះយ៉ាងពិតប្រាកដ តែខ្ញុំអាចនឹងសោកស្ដាយ ព្រោះខ្ញុំអត់មានសល់អ្វីសម្រាប់មនុស្សដែលខ្ញុំស្រលាញ់ និងមនុស្សដែលបានស្រលាញ់ មើលថែយកចិត្តទុកដាក់នឹងខ្ញុំទេ ។ ខ្ញុំគ្រាន់តែចង់សុំពេលបន្តិចទៀត ដើម្បីធ្វើរឿងខ្លះសម្រាប់មនុស្សមួយចំនួន តាមបំណងរបស់ខ្លួនខ្ញុំសិន តែប៉ុណ្ណោះ ... ។
0 comments:
Post a Comment