ធ្លាប់ទេ ធ្លាប់មានអារម្មណ៍ ធ្លាប់តូចចិត្ត អន់ចិត្ត ហើយក៏គិតផ្ដេសផ្ដាសតែម្នាក់ឯងថា គ្មានអ្នកណាយល់ចិត្ត ទាំងដែលការពិតទៅ គឺយើងទេ ដែលមិនទុកចិត្តគេ សួរថា តើយើងបាននិយាយអ្វីខ្លះប្រាប់គេ ទើបថាគេមិនយល់ចិត្ត ។
ខ្ញុំជឿថានឹងមានមនុស្សដែលគិតដូចខ្ញុំ មានអារម្មណ៍ដូចខ្ញុំ អ្នកប្រាកដជាកំពុងតែអន់ចិត្ត គិតថាខ្លួនឯងឯកា គ្មានអ្នកណាយល់ចិត្ត ពិតណាស់ ខ្ញុំក៏ដូចគ្នា ខ្ញុំគ្មានអ្នកណាម្នាក់យល់ចិត្តទេ ព្រោះតែខ្ញុំ កិនដែលនិយាយអ្វីប្រាប់គេឡើយ មិនដែលឱ្យគេដឹងទេ ថាពេលនេះ ឬពេលនោះ ខ្ញុំកើតអី ខ្ញុំមានបញ្ហាអី ខ្ញុំមានរឿងអី អ្វីក៏ខ្ញុំមិននិយាយ ព្រោះខ្ញុំមិនទុកចិត្តអ្នកដទៃ ខ្ញុំមិនជឿជាក់ ថាគេ អាចជួយលាក់រឿងរបស់ខ្ញុំ ឬគេអាចយល់ពីអារម្មណ៍ខ្ញុំបានដល់កម្រិតណា គ្មានអ្នកណាដឹងឡើយ ហើយក៏គ្មានអ្នកណាយល់ដែរ ព្រោះតែខ្ញុំ មិនព្រមបង្ហើបរឿងប្រាប់អ្នកណា ពេលមានបញ្ហា គឺបានត្រឹមសម្ងំគិត ហើយក៏ចាប់ផ្ដើមលួចតូចចិត្តតែម្នាក់ឯង រអ៊ូថា អ្នកផ្សេងគេមិនខ្វល់ តែដល់ពេលនេះ ខ្ញុំក៏បានយល់ហើយថា ឱ្យអ្នកណាមកយល់ចិត្តខ្ញុំបានយ៉ាងម៉េច បើខ្ញុំមិនបានប្រាប់អ្វីបន្តិចសោះដល់ពួកគេ គ្មានអ្នកណាយល់ចិត្តយើងទេ បើយើងនៅតែលាក់លៀម បៀមទុក្ខ សំកុកគិតតែម្នាក់ឯងនោះ ។
សាកល្បងរកនរណាម្នាក់ ហើយរៀនទុកចិត្តគេ ទុកគេជាមនុស្សសំខាន់ ហើយប្រាប់រឿង ដែលយើងតានតឹងនៅក្នុងចិត្តឱ្យគេបានដឹង នៅហអ្នកនឹងដឹងហើយថា គេយល់ចិត្តយើងឬមួយក៏អត់ បើទោះជាគេមិនអាចជួយអ្វីយើងបាន ត្រឹមតែគេអាចធ្វើឱ្យយើង ស្រឡះចិត្តថ្លាគំនិត ស្រឡះមុខមាត់ សប្បាយចិត្តជាងមុន ក៏នោះហើយដែលហៅថា ការយល់ចិត្ត ។
0 comments:
Post a Comment