" ស្រលាញ់គេតែម្នាក់ឯង " តើមានអ្នកណាខ្លះ ដែលយល់ច្បាស់ពីអារម្មណ៍មួយនេះ តែបើទោះជាមានអ្នកយល់ តែក៏គ្មានអ្នកណា អាចយល់ដល់អារម្មណ៍របស់ខ្ញុំឡើយ ។
រយៈពេល៤ឆ្នាំហើយ ដែលខ្ញុំបានស្គាល់គេ ៣ឆ្នាំហើយ ដែលខ្ញុំបានដឹងខ្លួនឯង ថាខ្ញុំបានបាក់ចិត្តស្រលាញ់គេ ២ឆ្នាំហើយ ដែលខ្ញុំព្យាយាមចង់នៅជិតស្និតស្នាលនឹងគេ តែទើបតែបានមួយឆ្នាំទេ ដែលគេហាក់ស្និត ក៏ហាក់យកចិត្តទុកដាក់នឹងខ្ញុំ ។
រយៈពេលជាច្រើនឆ្នាំ ខ្ញុំចាំច្បាស់ ថាពួកយើង បានស្គាល់គ្នា ខ្ញុំជាអ្នកទាមទារ ចង់ទាក់ទង ចង់ឆ្លើយឆ្លងនឹងគេ ទាំងដែលពេលខ្លះ គេមិនទាំងខ្វល់ ដល់ម្នាក់នេះផងថា គេស្គាល់ខ្ញុំឬក៏អត់ ។
ជួនកាល ទង្វើរបស់គេ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានតម្លៃ ខ្ញុំដូចអ្នកដទៃ មិនមែនសូម្បីតែជាមិត្ត នេះហើយ ដែលតែងតែធ្វើឱ្យខ្ញុំគិត ខ្ញុំអន់ចិត្ត គិតថាចាកចេញ ឈប់ស្រលាញ់គេបន្ត តែពេលដែលខ្ញុំកំពុងពិចារណា គេក៏ហាក់វិលត្រឡប់មកស្និតស្នាលជាថ្មីនឹងខ្ញុំ គេតែងតែធ្វើឱ្យអារម្មណ៍របស់ខ្ញុំវិលវល់ ខ្វាយខ្វល់ អំពល់ នឹកឆ្ងល់ មិនយល់ ថាគេទុកខ្ញុំជាអ្វី ?
ខ្ញុំដឹង ថាពេលហ្នឹង ខ្ញុំជាមនុស្សដែលកំពុងតែ លួចស្រលាញ់គេតែម្នាក់ឯង ព្រោះខ្ញុំមិនចាប់អារម្មណ៍អ្នកផ្សេង ហើយអ្នកផ្សេងក៏មិនដូចម្នាក់ហ្នឹងដែរ ខ្ញុំចង់នៅក្បែរគេ ចង់នៅថែគេ ចង់មានពេលនៅជាមួយគេឱ្យបានច្រើន ខ្ញុំចង់និយាយជាមួយគេ ខ្ញុំចង់ឃើញមុខគេ ដឹងទេ ថាអារម្មណ៍នេះ ខ្ញុំកើតមានរាល់ថ្ងៃ ហើយក៏គ្រប់ពេលផងដែរ ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏កាន់តែស្រលាញ់គេខ្លាំងឡើងៗ ពិបាកក្នុងការដកចិត្ត បើសិនជាគេមិនបានគិតអ្វីសោះចំពោះខ្ញុំ ប្រាកដណាស់ ថាខ្ញុំនឹងត្រូវខូចចិត្ត ដ្បិតអី ខ្ញុំមិនធ្លាប់គិតថានឹងដកចិត្តឈប់ស្រលាញ់គេ ចាប់តាំងពីពេលដែលយើង ចាប់ផ្ដើមស្និតស្នាលនឹងគ្នា ចំណាយពេលវេលានិយាយគ្នារហូតមក ។
មិនដឹងទេ ប្រសិនបើគេមានអ្នកផ្សេង តើខ្ញុំនឹងមានអ្នកណា មកជំនួសតំណែងគេ ដឹងត្រឹមថា ពេលនេះ ខ្ញុំស្រលាញ់គេ ហើយក៏ចង់ដឹងថាគេមានអ្នកណាទេ គេស្រលាញ់ខ្ញុំទេ គេគិតបែបណាលើខ្ញុំ អារម្មណ៍គេ ដូចអារម្មណ៍ខ្ញុំឬក៏អត់ ?
0 comments:
Post a Comment